ឯកឧត្តម ជា ធីរិទ្ធ អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជាប់អាហាររូបករណ៍អនុបណ្ឌិតទៅសិក្សានៅសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន៤១រូប
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ និស្សិតជាប់អាហាររូបករណ៍អនុបណ្ឌិតទៅសិក្សានៅសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន ៤១រូប បានចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅសាលភក្តីវិក្រមបី វិមានព្រឹទ្ធសភា។

នាឱកាសនេះ និស្សិតទាំងអស់បានបង្ហាញពីមុខវិជ្ជាដែលត្រូវទៅសិក្សាមានដូចជា បញ្ញាសប្បនិម្មិត សន្តិសុខសាយប័រ សន្តិសុខព័ត៌មាន វិស្វកម្មកុំព្យូទ័រ  អាជីវកម្ម(វិភាគទីផ្សារ) ពាណិជ្ជកម្មអន្តរជាតិ ការវិភាគទិន្នន័យធំ គីមីវិទ្យា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តអាហារ ពេទ្យសើស្បែក អប់រំភាសាកូរ៉េ ការរចនាសម្រស់និងសុខភាព។ និស្សិតទាំងអស់មានគោលបំណងចង់ក្លាយជាគ្រូបង្រៀន សាស្រ្តាចារ្យ និងចូលរួមចំណែកបម្រើជាតិជាមួយរាជរដ្ឋាភិបាល ព្រមទាំងចង់ក្លាយជាស្ពានតភ្ជាប់រវាងកម្ពុជា និងកូរ៉េ។ ជាកិច្ចបន្ត ឯកឧត្តម  ជា ធីរិទ្ធ បានផ្តល់អនុសាសន៍ ដល់និស្សិតទាំងអស់ ត្រូវពង្រឹងអំណាចទន់ តាមរយៈការដែលបានទៅសិក្សានៅប្រទេសកូរ៉េ ដូចជាចូលរួមផ្សព្វផ្សាយ និងលើកស្ទួយកិត្តិយសជាតិតាមគ្រប់រូបភាពវិជ្ជមាន ជាពិេសសផ្សព្វផ្សាយពីសន្តិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា។ បន្ថែមលើនេះ កាតព្វកិច្ច និងទំនួលខុសត្រូវចំពោះគ្រួសារ និងសង្គមជាតិ តាមរយៈការពង្រឹងខ្លួនយើងឱ្យខ្លាំង ដើម្បីក្លាយជាមូលធនមនុស្សដ៏ខ្លាំងរបស់កម្ពុជា ដើម្បីមានលទ្ធភាពការពារប្រទេស និងជួយអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
អនុសាសន៍គន្លឹះ៖ សុខភាពល្អ មូលធនមនុស្សខ្លាំង ជាតិខ្លាំង។
ជាទីបញ្ចប់ ឯកឧត្តម បានជូនសៀវភៅ «១១១ចំណុច ប្រសាសន៍សម្តេចតេជោ» និង «យុទ្ធសាស្រ្តត្រីកោណឆ្អឹងខ្នងសន្តិភាពកម្ពុជា» ដល់និស្សិត និងបានជូនពរនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសកូរ៉េ ទទួលបានជោគជ័យក្នុងបេសកកម្មសិក្សាមួយនេះ។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ