



















ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាឃុំក្នុងស្រុកជលគិរី រួមគ្នាបន្តបង្ករបង្កើនផលកសិកម្មបន្ថែមពីលើមុខរបបសព្វថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ រួមមាន៖ លោកជំទាវ ថាក់ ឡានី សមាជិកាក្រុម ឯកឧត្តមសាយ បូរិន និងឯកឧត្តម អ៊ឹង លាងហួរ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥ ស្មៀន និងនាយប៉ុស្តិ៍នគរបាលឃុំ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សរុបចំនួន៥០នាក់ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតឈ្វេងយល់ ផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ នាថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំកំពង់អុស។
ឆ្លៀតក្នុងឱកាសនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកជលគិរី។
បន្ទាប់មកលោកអភិបាលស្រុកជល់គិរី និងឃុំទាំង៥ បានធ្វើសេចក្តីរាយការណ៍សង្ខេបពី ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (អត្រានុកូលដ្ឋាន) អំពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការប្រើប្រាស់មូលនិធិឃុំនិងលទ្ធផល លទ្ធផលសំខាន់ៗសម្រេចបានក្នុងអាណត្តិ បញ្ហាប្រឈម និងសំណូមពរ ទិសដៅបន្ត។
ក្នុងឱកាសនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលឃុំ ម្នាក់ៗ៥ម៉ឺនរៀល និងអញ្ជើញបន្តចុះពិនិត្យមើលវឌ្ឍនភាពទីតាំងសាងសង់ស្ពានថ្មី ស្ពានព្រែកឆ្តោ (លើកទី២) ដោយឡែកលោកជំទាវ ថាក់ ឡានី ឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន៥០០ដុល្លារអាម៉េរិក សម្រាប់សាងសង់ស្ពានថ្មីនេះ ឯកឧត្តម សាយ បូរិន បានឧបត្ថម្ភក្រមា កាហ្វេ ទឹកដោះគោ នំប័ង ទឹកក្រូច និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមសម្រាប់ចុងភៅចំនួន២០០ដុល្លារអាម៉េរិក ស្ថិតនៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ដើម្បីបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន