ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ វាយតម្លៃខ្ពស់ការលើកឡើងរបស់អាជ្ញារស្រុក ឃុំ ចំពោះការយកចិត្តទុកដាក់ ដើម្បីប្រយោជន៍ប្រជាជនមូលដ្ឋាន ក្នុងការសម្រាលការលំបាក ការប្រឈមរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកពាមជរ
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវេង និងខេត្តស្វាយរៀង)  ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពាមជរ ចំនួន៧ឃុំ មកពីឃុំអង្គរអង្គ ឃុំកំពង់ប្រសាទ ឃុំកោះរការ ឃុំកោះសំពៅ ឃុំក្រាំងតាយ៉ង ឃុំព្រែកសំបួរ និងឃុំឬស្សីស្រុក ខេត្តព្រៃវែង សរុបចំនួន៤៣នាក់ នៅសាលាស្រុកពាមជរ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មាន សំអាន ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ សង្កាត់ បងប្អូនប្រជាពលរដ្ឋ និងបានវាយតម្លៃខ្ពស់ការលើកឡើងរបស់អាជ្ញាធរស្រុក ឃុំ ចំពោះការយកចិត្តទុកដាក់ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការជួយសម្រាលការលំបាក ការប្រឈមរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុក។

ពីធីសំណេះសំណាលនាឱកាសនេះ ដើម្បីជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ ចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ស្វែងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្វែងយល់ផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក។

លោកជំទាវប្រធានក្រុម បានជំរុញឱ្យអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ បន្តអនុវត្តទិសដៅទាំង១២ចំណុច ដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភា មានប្រសាសន៍សំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ