









នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-ឡាវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា (Xaysomphone PHOMVIHANE) ប្រធានរដ្ឋសភាឡាវ នៅស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ។
ឯកឧត្តមបណ្ឌិត នាង ផាត បានសម្តែងនូវការចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំ និងស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយសភា រដ្ឋាភិបាល ប្រជាជនឡាវ និងគ្រួសារនៃសព។ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហា គឺជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនឡាវ ហើយក៏ជាមិត្តដ៏ល្អប្រពៃរបស់កម្ពុជាផងដែរ។កម្ពុជានឹងចងចាំជានិច្ចនូវមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ចំពោះប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឯកឧត្តម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងនៅក្នុងតំបន់ និងលើសកលលោក។
ក្នុងនាមសមាគមមិត្តភាពកម្ពុជា-ឡាវ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន