ឯកឧត្ដម ញ៉ែម សាម៉ន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកមេឃុំជំទប់ និងសមាជិកក្រុមប្រឹក្សា លោកមេភូមិ ស្មៀន ជំនួយការ និងលោកនាយកប៉ុស្តិ៍រដ្ឋបាលឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមរយៈរបាយការណ៍ឯកឧត្ដមបានថ្លែងកោតសសើរចំពោះលទ្ធផលដែលក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាលទទួលបានក្នុងការគ្រប់គ្រងរដ្ឋបាលដែនសមត្ថកិច្ចរបស់ខ្លួនដែលផ្ដោតសំខាន់លើការកាត់បន្ថយភាពក្រីក្រ និងការប្រឹងប្រែងអភិវឌ្ឍន៍ឃុំរបស់ខ្លួនព្រមទាំងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនប្រជាជន។ ឆ្លៀតឱកាសនេះដែរ ឯកឧត្ដមបាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា ឯកឧត្ដមអនុប្រធានទី១ ឯកឧត្ដមបណ្ឌិតអនុប្រធានទី២ នូវក្ដីនឹករលឹកគិតគូរពីជីវភាព វ័យនិងសុខភាពរបស់បងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសក៏ដូចក្រុមប្រឹក្សាឃុំអូរឫស្សីកណ្ដាល ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ។ ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានលើកបញ្ជាក់ជូនក្រុមប្រឹក្សាឃុំអំពីអំពើឈ្លានពានរំលោភលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជាយើងពីប្រទេសថៃ សូមបងប្អូនប្រគល់សេចក្ដីទុកចិត្តនិងដាក់ជំនឿលើការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមដែលពោរពេញដោយបទពិសោធន៍ ទាំងការដឹកនាំ គ្រប់គ្រង ប្រយុទ្ធ ទាំងបែបសង្គមនិយមម៉ាសុិស បែបប្រជាធិបតេយ្យសេរី អព្យាក្រឹត្យនិយម អព្យាក្រឹត្យអចិន្ត្រៃយ៍ និងរាល់គ្រប់ស្ថានការណ៍ទាំងអស់ដែលមាតុភូមិយើងបានជួបប្រទះជាង៤៦ឆ្នាំកន្លងទៅនេះ ហើយពេលនេះទៀតសម្ដេចតេជោ ហ៊ុន សែន នៅតែបន្តដឹកនាំជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសដ៏ពេញដោយសមត្ថភាពនោះសភាពការណ៍អ្វីដែលកើតឡើងហើយនោះគ្រាន់តែជាការបណ្ដោះអាសន្នតែប៉ុណ្ណោះ។
មុនបិទបញ្ចប់ពិធីសំណេះសំណាលឯកឧត្ដមក៏បានជូនថវិកាដល់សមាជិកដែលចូលរួមទាំងអស់ផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៩ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ