ឯកឧត្ដម អន ស៊ុ និងឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញជួបពិគ្រោះយោបល់ជាមួយលោកអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័​យ
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបពិគ្រោះយោបល់លើការងារអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជាមួយ លោក ហឿន វីរ: អភិបាលស្រុក និងលោក កែ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក។
ក្នុងឱកាសនោះ លោក ហឿន វីរ: និងលោក កែ ប៊ុនយឿន បានជម្រាមជូនពីសកម្មភាពការងារតាមឃុំ ភូមិដែលខ្លួនទទួលខុសត្រូវ  ពិសេស ភូមិប៉ោយចារ ឃុំទឹកជោរ ដែលនៅមានបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ។ លោកអភិបាលស្រុក សហការជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក បានចុះធ្វើកិច្ចការដោយផ្ទាល់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ចំពោះបញ្ហាដែលនៅសេសសល់ក្រុមការងារកំពុងបន្តខិតខំដោះស្រាយជាជំហានៗ ព្រមទាំងបានប្ដេជ្ញាចាត់ចែង និងសហការជាមួយក្រុមការងារថ្នាក់ជាតិ ក្នុងការធ្វើសកម្មភាពផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ស្វែងយល់បញ្ហាទាំងពួងដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន។ ជាកិច្ចបន្តឯកឧត្ដម បានថ្លែងអំណរអរគុណ និងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងបានពិគ្រោះយោបល់លើកិច្ចការមួយចំនួន រួមគ្នាធ្វើយ៉ាងណាឱ្យមូលដ្ឋានមានការវិវឌ្ឍរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។ បន្តខិតខំលើកកម្ពស់ផ្តល់សេវាសាធារណ:ឱ្យបានល្អ រក្សាបានភូមិ ឃុំ មានសុវត្ថិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ បន្តគាំទ្រក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានតទៅមុខទៀត។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ