
















ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១ បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសង្កាត់យកចិត្តទុកដាក់កិច្ចការទាំងពួងដែលជាប្រយោជន៍ប្រជាជន ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៩៧រូប (ក្រុមប្រឹក្សាសង្កាត់៥៨រូប)។
ក្នុងឱកាសនោះ លោក ចេង មុនីរ៉ា អភិបាល នៃគណអភិបាលខណ្ឌសែនសុខ បានឡើងរាយការណ៍ អំពីវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរក្នុងខណ្ឌផងដែរ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់នូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច រួមមាន៖
១. ជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ផ្តោតលើសន្តិសុខ-សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពទីក្រុង
២. ត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខ
៣. សន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ធនៈស្របតាមគោលការណ៍រាជរដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតអនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរខណ្ឌសែនសុខទាំងអស់ ដែលបានបំពេញតួនាទីយ៉ាងសកម្មនាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកកសាងមូលដ្ឋាន។
ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន