














នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទូទាំងស្រុកជីក្រែង ខេត្តសៀមរាប ដោយមានសមាសភាពចូលរួមសរុបចំនួន ១៥០នាក់។
នៅក្នុងអង្គពិធីនេះ ផ្តោតសំខាន់លើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» រួមមាន ការពន្លឿន និងកែលម្អការផ្តល់សេវាសាធារណៈ, ការងារអត្រានុកូលដ្ឋាន, ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការរក្សាសន្តិសុខ-សណ្តាប់ធ្នាប់, ការលុបបំបាត់គ្រឿងញៀន និងបទល្មើសផ្សេងៗ, ការជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន និងការថែរក្សាអនាម័យ បរិស្ថានល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ។
ជាមួយគ្នានេះ អង្គពិធីទាំងមូលបានស្តាប់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដោយផ្ទាល់ពីសំណាក់តំណាងក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីប្រមូលធាតុចូល និងស្វែងរកដំណោះស្រាយរួមគ្នា។
ជាលទ្ធផល ឯកឧត្តម ប៉ុល លឹម បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន សំដៅពង្រឹងសមត្ថភាពមន្ត្រីថ្នាក់មូលដ្ឋានក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន