








នាព្រឹកថ្ងៃអង្គារ ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការនិងជាប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី អួង សុវណ្ណា មេបញ្ជការ កងពលតូចអន្តរាគមន៍លេខ៩ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវប្រធាន បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពី សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ពសមរភូមិមុខគ្រប់ពេលវេលា។
លោកជំទាវប្រធាន ក៏បានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេសផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ នៃយុទ្ធសាស្ត្រស្ងាត់តែមិននៅស្ងៀម របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងបានដឹកនាំ បញ្ជា គ្រប់យុទ្ធសាស្ត្រ យុទ្ធវិធី នាំឱ្យចៀសផុតពីវិនាសកម្មដ៏ធំធេងនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបានទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមបង្កឡើងរបស់កងទ័ពថៃ ដោយមិនមានការបង្ហូរឈាម និងសូមជឿទុកចិត្តលើការដឹងនាំរបស់សម្តេច ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងភាពជឿនលឿន។
លោកជំទាវប្រធាន បានសម្តែងនូវការគោរពដឹងគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនគ្រប់រូប ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលមានស្មារតីមហាសាមគ្គីជាតិជាធ្លុងមួយយ៉ាងរឹងមាំ និងមានឆន្ទៈមោះមុតខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃដ៏ឧត្តមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំក្នុងការប្រយុទ្ធលើគ្រប់សមរភូមិ ទាំងយោបាយ ការទូត យោធា និងច្បាប់ ដើម្បីការពារជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនកម្ពុជា។
អំណោយដែលផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩ រួមមាន៖១.ទឹកបរិសុទ្ធ២៦០កេស ២.ផ្អកសាច់ជ្រូក៦៨កែវ (៣៤០គីឡូក្រាម) ៣.ប្រហុកត្រី៤៣៩កែវ (៤៣៩គីឡូក្រាម) ៤.ពងទាកូន២០០គ្រាប់ ៥.ចង្ក្រានសន្សំសំចៃថាមពល៣៦ចង្ក្រាន ៦.ធុងចម្រោះទឹក៣៩ធុង ៧.សំលៀកបំពាក់៣បេ ៨.ភួយ១០ ៩.ក្រមា៧៥ ១០.ម៉ាស់ការពារផ្សែងពុល១៦៣ម៉ាស់ និង១១.កញ្ចប់ឃីត៩៦ ដោយក្នុង១កញ្ចប់មាន ខ្ទឹមស១គីឡូក្រាម ប្រេងឆា១ដប ប៊ីចេង១កញ្ចប់ និងរំដេងកន្លះគីឡូក្រាម ព្រមទាំងថវិកាចំនួន២លានរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន