សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជ អញ្ជើញទស្សនកិច្ចសិក្សា ដើម្បីឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត នៃពុទ្ធិសកលវិទ្យាល័យព្រះសីហមុនីរាជ សរុបចំនួន១២៣អង្គ/នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រីកចំណេះដឹងផ្នែកច្បាប់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីតួនាទី ភារកិច្ច ក៏ដូចជាដំណើរការប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពីប្រវត្តិ រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចស្នូលរបស់ព្រឹទ្ធសភា ក្នុងគោលបំណងបណ្តុះស្មារតីយល់ដឹង និងការចូលរួមរបស់ស្រទាប់យុវជនក្នុងកិច្ចការសង្គម។
នៅក្នុងបទបង្ហាញ ឯកឧត្តម ម៉ាន់ ឈឿន បានពន្យល់ពីសាវតារនៃការកកើតព្រឹទ្ធសភា ដែលបានចាប់បដិសន្ធិនីតិកាលទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ តាមរយៈការចាត់តាំង។ ចាប់ពីនីតិកាលទី២ មក ព្រឹទ្ធសភាត្រូវបានជ្រើសតាំងឡើងតាមរយៈការបោះឆ្នោតអសកល មិនចំពោះ និងជាសម្ងាត់ ដោយមានអាណត្តិការងាររយៈពេល ៦ឆ្នាំ។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃរដ្ឋសភាទាំងមូល ដែលក្នុងនោះ ២រូបចាត់តាំងដោយព្រះមហាក្សត្រ, ២រូបជ្រើសតាំងដោយរដ្ឋសភា និង ៥៨រូបទៀត ជ្រើសតាំងតាមរយៈការបោះឆ្នោតអសកលពីអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
ស្ថាប័នកំពូលមួយនេះ បំពេញតួនាទីនយោបាយយ៉ាងសំខាន់ជាអ្នកសម្របសម្រួលរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយរាល់វិបត្តិនយោបាយនានាជាយថាហេតុ។ លើសពីនេះ ព្រឹទ្ធសភាជាតំណាង និងជាអ្នកការពារផលប្រយោជន៍ដ៏ពិតប្រាកដរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងដើរតួជាអ្នកត្រួតពិនិត្យតុល្យភាពអំណាចរដ្ឋ ធានាឱ្យរាល់ការសម្រេចចិត្ត និងការតាក់តែងច្បាប់ឆ្លុះបញ្ចាំងពីគុណតម្លៃ បំណងប្រាថ្នារបស់សង្គមជាតិទាំងមូល។
បច្ចុប្បន្ន ព្រឹទ្ធសភានីតិកាលទី៥ ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា អមដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២។ ក្រោមមគ្គុទ្ទេសក៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ការងារអាទិភាពចម្បងៗចំនួន២ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ គឺទីមួយ ការពង្រឹងទំនាក់ទំនងអន្តរជាតិតាមរយៈ «ការទូតសភា» និងទីពីរ «ការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតនៅមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្ទាល់»។

ទន្ទឹមនឹងការចែករំលែកចំណេះដឹងច្បាប់ ឯកឧត្តម ម៉ាន់ ឈឿន បានរំលេចនូវសារអប់រំយ៉ាងជ្រាលជ្រៅ ដោយបានចាត់ទុក «សន្តិភាព» ថាជាអាយុជីវិត និងជាដើមទុនដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិ ដែលសមណនិស្សិត និងនិស្សិតគ្រប់រូបត្រូវរួមគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីថែរក្សាឱ្យបានគង់វង្ស។ បន្ថែមលើនេះ ឯកឧត្តមក៏បានផ្តាំផ្ញើយុវជនទាំងអស់ត្រូវមានស្មារតីភ្ញាក់រលឹក ដោយត្រូវកសាង «ភាពស៊ាំខាងផ្លូវចិត្ត និងចំណេះដឹង» ដើម្បីជៀសឱ្យឆ្ងាយពីអំពើអបាយមុខ ពិសេសគ្រឿងញៀន និងល្បិចកលឆបោកតាមប្រព័ន្ធឌីជីថល។ ទន្ទឹមនឹងការរក្សាសីលធម៌ យុវជនក៏ត្រូវបើកចិត្តរៀនសូត្រឥតឈប់ឈរលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សដែលមានទាំង «ចំណេះដឹង ចរិយាធម៌ និងសមត្ថភាព» សមស្របតាមការវិវត្តនៃពិភពលោក។

ជាកិច្ចបញ្ចប់នៃកម្មវិធី គណៈប្រតិភូក៏បានស្តាប់ការធ្វើបទបង្ហាញស្តីពីដំណើរការនីតិកម្មដោយលោក យិន យូរ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងរចនាសម្ព័ន្ធការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មុននឹងឈានដល់ការនិមន្តនិងអញ្ជើញទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា ព្រមទាំងអគារប្រវត្តិសាស្ត្រនានា ប្រកបដោយបរិយាកាសរីករាយ និងទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ