ឯកឧត្តម ងី ច័ន្ទ្រផលដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាចុះពិភាក្សាការងារនិងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្ត បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង ឯកឧត្តម ឈឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីតំណាងតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹង និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ដែលទទួលបានពីជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងក្រុងច្បារមន និងថ្នាក់ដឹកនាំពន្ធនាគារខេត្ត រួមមាន៖
១. បញ្ហាប្រឈមនៅថ្នាក់មូលដ្ឋាន៖ ការលំបាកក្នុងការកែតម្រូវ និងចុះសំបុត្រអាពាហ៍ពិពាហ៍, ការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ និងបណ្តឹងលែងលះ, ទំនាស់ព្រំដី និងការរំលោភដីចំណីផ្លូវ/ប្រឡាយ, បញ្ហាជំពាក់បំណុលធនាគារ ព្រមទាំងសំណូមពរសុំឱ្យមានការបែងចែកថវិកា និងផលលាភរវាងសង្កាត់តូច-ធំឱ្យបានសមរម្យ។
២. បញ្ហាប្រឈមនៅពន្ធនាគារខេត្ត៖ ភាពចង្អៀតណែនក្នុងបន្ទប់ឃុំឃាំង, ការខ្វះខាតសម្លៀកបំពាក់ ឱសថ និងគ្រឿងបរិក្ខារពេទ្យ, ការខ្វះខាតសម្ភារបច្ចេកទេស/ម៉ាស៊ីនស្កែន ព្រមទាំងសំណូមពរឱ្យជួយសម្រួលផ្លាស់ប្តូរទីតាំងពន្ធនាគារទៅទីតាំងថ្មី។
លើសពីនេះ ឯកឧត្តម បានសម្តែងក្តីកង្វល់ចំពោះបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយបានស្នើឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធបង្កើនការអប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានធ្វើកិច្ចស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ សន្តិសុខ និងសន្ទុះនៃការអភិវឌ្ឍក្នុងខេត្ត។ ឯកឧត្តម បានបញ្ជាក់ថា ចំពោះទំនាស់ដីធ្លី និងវិវាទរដ្ឋប្បវេណីដែលនៅសេសសល់ អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយតាមយន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ ដោយចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងអនុវត្តតាមគោលការណ៍ «ឈ្នះ-ឈ្នះ» ដើម្បីបញ្ចប់ទំនាស់ដោយសន្តិវិធី និងធានាបាននូវសាមគ្គីភាពក្នុងសហគមន៍។
បន្ថែមពីលើនេះ អំពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) រដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការចំពោះមុខ ដោយតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ បង្កើនការត្រួតពិនិត្យ ស្រាវជ្រាវ និងជំរុញយុទ្ធនាការអប់រំផ្សព្វផ្សាយពីល្បិចកលឆបោកតាមបណ្តាញសង្គមឱ្យបានដល់ដៃប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅបង្កើនការប្រុងប្រយ័ត្ន ការពារសុវត្ថិភាពផ្លូវច្បាប់ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងកំពុងបង្កើនការចាត់វិធានការនានាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅខេត្តកំពង់ស្ពឺក៏លេចឡើងនូវការឆបោកមួយប្រភេទទៀតគឺ «ការស្តាប់ចម្រៀងបានលុយ» ដោយតម្រូវឱ្យមនុស្សបង្កើតគណនីធនាគាររួចផ្ញើទៅក្រុមហ៊ុន ហើយចូលស្តាប់បទចម្រៀងបរទេសមួយថ្ងៃមួយបទ រួចថតស្រ្គីនផ្ញើទៅ App ឱ្យក្រុមហ៊ុន ក្រុមហ៊ុននឹងផ្ញើប្រាក់ ២ ដុល្លារចូលក្នុងគណនីរបស់អ្នកនោះវិញ។ នេះជាបទល្មើសថ្មីមួយដែលរដ្ឋបាលខេត្តកំពុងតាមដាន ស្រាវជ្រាវ ស៊ើបអង្កេត និងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យចាញ់បោកគេ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមគ្នាពន្លឿនការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានតម្លាភាព និងប្រកបដោយយុត្តិធម៌ ដើម្បីបង្កើនទំនុកចិត្ត និងធានាបាននូវការគោរពសិទ្ធិមនុស្សក្នុងសង្គម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ