ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យ លោក Takahito MISUMI ភារធារីស្តីទីថ្មីស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Takahito MISUMI ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
បន្ទាប់ពីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានចូលរួមអបអរសាទរ លោក Takahito MISUMI ដែលត្រូវបានតែងតាំងជា ភារធារីស្តីទីថ្មីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយមចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសវឌ្ឍនភាពប្រកបដោយប្រសិទ្ធផលនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ អប់រំ និងសន្តិសុខ។ ភាគីទាំងពីរក៏បានផ្តោតការផ្លាស់ប្តូរផងដែរលើការលើកកម្ពស់ការទូតសភា ការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ជប៉ុនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, លើកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា-ជប៉ុន នៅក្នុងក្របខណ្ឌតំបន់ ជាពិសេស អាស៊ាន-ជប៉ុន និងលើស្ថានភាពនៃការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងពិភពលោក នាពេលកន្លងមក រួមទាំង ជម្លោះព្រំដែនកម្ពុជា-ថៃ និងជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី,… ។ល។
ឯកឧត្តមបណ្ឌិត បានជូនពរ លោក Takahito MISUMI បំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងត្រៀមខ្លួនជានិច្ច ដើម្បីសហការកាន់តែជិតស្និទ្ធជាមួយ លោក និងស្ថានទូតជប៉ុន ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជំនួបនេះប្រព្រឹត្តទៅនៅសាលប្រជុំ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា វិមានសាមគ្គីភាព ព្រឹទ្ធសភា។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ