






នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ ណារ៉េត ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥:២០នាទី ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏សោកសៅនេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសូមសម្តែង នូវសមានទុក្ខសោកស្តាយ អាឡោះអាល័យជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សប្បុរសធម៌ ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ក្លាយជាពលរដ្ឋល្អរបស់ប្រទេសជាតិ។ មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលតែងតែលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងទ្រព្យសម្បត្តិ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ ណារ៉េត បានទៅកាន់ ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
សពឯកឧត្តម ចាន់ ណារ៉េត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី នៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន