














អនុវត្តតាមផែនការរួម និងបេសកកម្មនានារបស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា លើកទី៥ និងទី៦ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្ដីទីក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់នាំខេត្ត ស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកជុំគិរី ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន៩២នាក់។
បន្ទាប់ពីស្តាបរបាយការណ៍របស់លោកស្រីអភិបាលស្រុក និងឃុំនីមួយៗ ព្រមទាំងការបកស្រាយបំភ្លឺពីរដ្ឋបាលរងខេត្ត រួចមក ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភា នីតិកាលទី៥ សម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានរំលេចអំពីលទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជូនអាជ្ញាធរមូលដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួលខុសត្រូវ និងការលះបង់របស់អាជ្ញាធរស្រុក ឃុំ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានស្តីទី បានលើកឡើងថា ពិធីសំណេះសំណាលនេះ ជាធាតុចូលដ៏មានតម្លៃសម្រាប់ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ និងជំរុញការអភិវឌ្ឍមូលដ្ឋាន។ ដូច្នេះអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រែក្លាយលទ្ធផលពីកិច្ចសំណេះសំណាលទៅជាសកម្មភាពជាក់ស្តែង ដែលអាចធ្វើឱ្យការបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានស្តីទីបានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច៖ ១-ខិតខំពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចរបស់ខ្លួន ២-ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៣-បន្តផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថានអនាម័យ និង៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដោយទប់ស្កាត់បញ្ហាគ្រោះចរាចរណ៍ ចោរឆក់ ចោរប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online-Scam)…។
ពិធីសំណេះសំណាលនេះមានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឱ្យកាន់តែជិតស្និទ្ធជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ក្នុងស្រុកជុំគិរី ព្រមទាំងចូលរួមផ្លាស់ប្តូរយោបល់ដោយផ្ទាល់ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម និងតម្រូវការនានារបស់មូលដ្ឋាន។ ចំពោះបញ្ហាដែលមិនអាចដោះស្រាយបានទាន់ពេល នឹងគោរពរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍ជូនក្រសួង ស្ថាប័នពាក់ព័ន្ធបន្ត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន