ឯកឧត្តម ឆាយ វណ្ណា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតព្រុយណេប្រចាំកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទី ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Pengiran Kasmihan Bin Pengiran Haji Tahir ឯកអគ្គរាជទូតព្រុយណេប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតបត្តិការ និងចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសព្រុយណេ ដែលមានតាំងពីឆ្នាំ១៩៩២មក ក្នុងនាមប្រទេសនៃសមាជិកអាស៊ាន ប្រទេសទាំងពីរមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ កសិកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។
ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថា ក្នុងនាមជាប្រទេសនៃសមាជិកសហភាពអន្តរសភា IPU ព្រឹទ្ធសភាកម្ពុជាតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសនានា។ តាមរយៈឯកឧត្តម ឯកអគ្គរាជទូតព្រុយណេប្រចាំកម្ពុជា សង្ឃឹមថាសភានៃប្រទេសពីរនឹងកាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរឹងមាំថែមទៀត។
ជាការឆ្លើយតបឯកឧត្តមឯកអគ្គរាជទូតព្រុយណេប្រចាំកម្ពុជា បានស្វាគមន៍ និងថ្លែង អំណរគុណចំពោះឯកឧត្តមលេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានជួបពិភាក្សាការងារក្នុងឱកាសនេះ។ ឯកឧត្តមឯកអគ្គរាជទូតនឹងខិតខំជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងសភានៃប្រទេសឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។
ឯកឧត្តមឯកអគ្គរាជទូតបានកត់សំគាល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងល្អ និងមានវិធានការយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនគួរជាទីមោទនៈ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ