









នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ទូទាំងខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារឆ្នាំ២០២៥ តម្រូវការ ការអនុវត្តគោលនយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ផែនការសកម្មភាពការងារឆ្នាំ២០២៦ និងការឆ្លុះបញ្ចាំងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ នៅសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារី និងលោកស្រីអភិបាលរងក្រុងស្ទឹងត្រែង សរុបចំនួន៦៣នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានក្រុម បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ប្រកបដោយក្តីនឹករលឹក ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សូមបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសធានាឱ្យបាននូវការអនុវត្តភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ក្នុងកម្រិតដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយយុត្តិធម៌ និងសមធម៌សង្គម។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកាព្រឹទ្ធសភា នឹងធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ។
នៅចុងបញ្ចប់នៃកម្មវិធីលោកជំទាវបណ្ឌិតអនុប្រធានក្រុម បានផ្តល់ថវិកាមួយចំនួនដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងដបទឹករក្សាកំដៅជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន