ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពត
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពត បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតដើម្បីស្វែងយល់ការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ការអនុវត្តច្បាប់ បញ្ហាប្រឈម សំណូមពរ នៅសាលាខេត្តកំពត នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកំពត។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តម អភិបាលខេត្តរួចមក ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្តែងនូវការគោរពអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ឯកឧត្តមអភិបាលខេត្ត និងសហការី ដែលបានជួយសម្របសម្រួលការងារជូនគណៈប្រតិភូ។ យោងតាមរបាយការណ៍ និងការមើលឃើញជាក់ស្តែង ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តកំពត ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការបំពេញការងាររបស់រដ្ឋបាលខេត្ត សម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ ទាំងការរៀបចំហេដ្ឋរចនាស័ម្ពន្ធ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមស្រុក ក្រុង ឃុំ សង្កាត់ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា មានជីវភាពកាន់ល្អតែប្រសើរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ជាពិសេសនៅខេត្តកំពត ជាតំបន់ទេសចរណ៍ដែលភ្ញៀវអ៊ឺរ៉ុបចូលចិត្តមកលេងច្រើនជាងគេ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍កោតសរសើរ ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងការអនុវត្តសិទ្ធិមនុស្សយ៉ាងល្អប្រសើរ សមស្របទៅនឹងការងារស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ជាមួយនេះ ឯកឧត្តមប្រធាន ក៏បានលើកឡើងពីសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា មិនត្រឹមតែជាសង្គ្រាមប្រដាប់អាវុធប៉ុណ្ណោះទេ តែជាសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត និងសង្គ្រាមបច្ចេកវិទ្យាផងដែរ ដែលទាមទារឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីជាតិតែមួយ ពិសេសជឿជាក់លើយន្តការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ