ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តព្រះសីហនុ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ការអនុវត្តច្បាប់ បញ្ហាប្រឈម សំណូមពរ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈប្រតិភូ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ស្វាគមន៍​​ ដោយបានបង្ហាញពីសក្តានុពល និងការរីកចម្រើន ដោយខេត្តព្រះសីហនុ ជាខេត្តសំបូរដោយធនធានធម្មជាតិរួមមាន៖ កោះតូច-ធំចំនួន៣២ ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ មានព្រែក-ព្រៃកោងកាង ភ្នំ-ទឹកជ្រោះ ឧទ្យានជាតិលើគោក ឧទ្យានជាតិបាតសមុទ្រ និងមានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីឡូម៉ែត្រ រួមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលសម្បូរ បែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជា គោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាន នាក់មកទស្សនា សម្រាកកម្សាន្តក្នុងមួយឆ្នាំៗ ហើយត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។ ចំពោះការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តប្តេជ្ញាលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយបានគោររព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកតិកាសញ្ញា និងអនុសញ្ញាផ្សេងៗ ដែលចែងអំពីសិទ្ធិមនុស្ស ដូចសិទ្ធិនយោបាយ សិទ្ធិរស់រានមានជីវិត សិទ្ធិគ្មានការរើសអើង សិទ្ធិសេរីភាពក្នុងការធ្វើដំណើរ សិទ្ធិបញ្ចេញមតិ សិទ្ធិកម្មសិទ្ធិ សិទ្ធិមានចំណី អាហារ សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងជំនឿ សិទ្ធិចូលរួម ។ល។ ដើម្បីលើកកម្ពស់នីតិរដ្ឋនៅក្នុងសង្គមជាតិនាំមកនូវសុខសន្តិភាព ស្ថិរភាព និងយុត្តិធម៌សង្គម។ រដ្ឋបាលខេត្ត ពង្រឹងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលតាមរយៈការអនុវត្តច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ប្រកបដោយសុខដុមនីយកម្ម ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅបន្តកសាងភាពជាដៃគូប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងផ្តល់ការគាំទ្រដល់អង្គការសង្គមស៊ីវិល ក្រមសីលធម៌ និងវិជ្ជាជីវៈទទួលខុសត្រូវផ្ទាល់ខ្លួន កាត់បន្ថយទំនាស់ផលប្រយោជន៍ សាធារណៈ ឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត ។ ចំពោះការដោះស្រាយពាក្យបណ្ដឹង តាមយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ​ រដ្ឋបាលខេត្តបានចាត់ទុកកិច្ចការនេះ ជាការងារអាទិភាពប្រចាំថ្ងៃស្របតាមមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា“សេចក្តីស្នើទាំងឡាយរបស់ប្រជា​ពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ”។

ឯកឧត្តមប្រធាន បានថ្លែងអំណរគុណនិងកោតសរសើរចំពោះរបាយការណ៍សកម្ម​ភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ​ដែលបានឆ្លុះបញ្ចាំងនឹងស្ថានភាពជាក់ស្តែង គឺមានការរីចម្រើនលើគ្រប់វិស័យ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រជាពលរដ្ឋមានជីវភាពធូធារ គួជាទីមោទន:។ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុក្នុងការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ ការដោះស្រាយពាក្យបណ្តឹង​​ គឺបានចាត់ចែង និងដោះស្រាយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយនេះការដោះស្រាយបញ្ហាចំពោះមុខរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់រដ្ឋបាលខេត្ត គឺជាគំរូនៃអភិបាលកិច្ច ។ ឯកឧត្តមប្រធានក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ដែលបានជួយគាំទ្រ និងឧបត្ថម្ភទាំងសមរភូមិមុខ និងប្រជាជនភៀសសឹក ព្រមទាំងបង្កឱកាសឱ្យពួកគាត់បានទទួលការងារធ្វើថែមទៀត។
បន្ទាប់មកតំណាងគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏ដូចជាតំណាងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានជម្រាបជូនរដ្ឋបាលខេត្តពីការងារ និងស្នើសុំកិច្ចសហការលើការងារសិទ្ធិមនុស្ស និងការការពារដល់ស្ត្រី និងកុមារដែលទទួលរងនូវការរំលោភបំពាន និងគ្មានលទ្ធភាពការពារខ្លួនតាមផ្លូវច្បាប់។

ជាមួយនេះ ឯកឧត្តមប្រធាន ក៏បានលើកឡើងពីសង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា មិនត្រឹមតែជាសង្គ្រាមប្រដាប់អាវុធប៉ុណ្ណោះទេ តែជាសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត និងសង្គ្រាមបច្ចេកវិទ្យាផងដែរ ដែលទាមទារឱ្យអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីជាតិតែមួយ ពិសេសជឿជាក់លើយន្តការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ