គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd ដឹកនាំដោយលោក ភឿន ផល្លី នាយកប្រតិបត្តិនៃក្រុមហ៊ុន VP.Start ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីនវានុវត្តន៍ គំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាវៃឆ្លាត ដែលសិក្សាស្រាវជ្រាវបង្កើតឡើងដោយវិស្វករកូនខ្មែរក្នុងស្រុក។
VP.Start ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលផ្តោតសំខាន់លើនវានុវត្តន៍ បានបង្កើតដំណោះស្រាយទៅលើការគ្រប់គ្រងបណ្តាញចែកចាយថាមពលអគ្គិសនីបែបថ្មី ដែលជួយឱ្យការគ្រប់គ្រងអគ្គិសនីទូទាំងប្រទេសមានស្ថិរភាព និងមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានបច្ចេកវិទ្យាសម្រាប់ទីក្រុងវៃឆ្លាត បច្ចេកវិទ្យាសម្រាប់គេហដ្ឋានវៃឆ្លាត ប្រព័ន្ធទំនាក់ទំនងសកល AlienCheck និង Cloud Computing ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ