








ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្រុកកោះធំ និងក្រុងសំពៅពូន សរុបចំនួន ១៣៨នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អ្នកចូលរួមពិធី និងជម្រាបអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានក្រុម បានជម្រាបអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងតាមប្រព័ន្ធអនឡាញ ដោយជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរួមសហការគ្នា ធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះមនុស្សចំណូលថ្មី ជាពិសេសជនជាតិបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅបង្រ្កាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់ និងបានទាន់ពេលវេលា ក្នុងគោលបំណងទាក់ទាញវិនិយោគិនពីបរទេស និងរក្សាកេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានក្រើនរម្លឹកដល់អង្គពិធីនូវលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយជំរុញឱ្យអាជ្ញាធរអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ល្បែងស៊ីសង ក្មេងទំនើង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ អនាម័យ បរិស្ថាន និងសុខមាលភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុម បានលើកទឹកចិត្តឱ្យអាជ្ញាធរផ្សព្វផ្សាយ និងបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបចំនួន ១០,៨០២,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន