គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ដឹកនាំដោយឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និងលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ព្រមទាំង មានការអញ្ជើញចូលរួមពី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការរដ្ឋាន អនុប្រធាន និងមន្ត្រីនៃសាលាដំបូង និងអយ្យការអមសាលាដំបូង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលសាលាដំបូង និងអយ្យការអមសាលាដំបូងជួបប្រទះ នៅសាលាដំបូងខេត្តកោះកុង នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦…។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃជំនួបពិភាក្សា ដោយផ្តោតលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរយោបល់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃតុលាការ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់អំពីទស្សនវិស័យ និងទិសដៅយុទ្ធសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនៈវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព តម្រូវការ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជាចម្បង ហើយបានណែនាំជាបន្តបន្ទាប់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យអនុវត្តភារកិច្ចតាមតួនាទី និងសមត្ថកិច្ចរបស់ខ្លួន ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍នីតិរដ្ឋ តម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ខ្ពស់បំផុត ក្នុងការបម្រើប្រជាពលរដ្ឋ និងការពារផលប្រយោជន៍សាធារណៈ។

នៅក្នុងជំនួបនោះ គណៈប្រតិភូព្រឹទ្ធសភា ក៏បានបញ្ជាក់ជូនអំពីចំនួនពាក្យបណ្តឹងដែលប្រជាពលរដ្ឋបានដាក់ជូនមកព្រឹទ្ធសភា ដើម្បីសុំឱ្យព្រឹទ្ធសភាជួយអន្តរាគមន៍ទៅតុលាការក្នុងការដោះស្រាយសំណុំរឿងក្តីផងដែរ។

បន្ទាប់មក ឯកឧត្តមប្រធានសាលាដំបូង និងលោកជំទាវព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ ដោយផ្តោតសំខាន់លើស្ថានភាពទូទៅនៃការងារយុត្តិធម៌ ស្ថានភាពសំណុំរឿង ចំណាត់ការ បញ្ហាប្រឈម និងការអនុវត្តច្បាប់ជាក់ស្តែង ទាក់ទងនឹងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋរបស់សាលាដំបូង និង អយ្យការ អមសាលាដំបូង ខេត្តកោះកុង។

ជាមួយគ្នានោះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏បានលើកឡើងនូវសំណូមពរមួយចំនួន តាមរយៈគណៈកម្មការទី៦ ព្រមទាំងបានសម្តែងនូវអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះខ្លឹមសារ និងសារៈសំខាន់នៃកិច្ចពិភាក្សា ដែលមានលក្ខណៈស្ថាបនាប្រកបដោយវិជ្ជាជីវៈ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងភាពចាំបាច់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ