គណៈកម្មការទី១ នៃព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងអធិការកិច្ច
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ដឹកនាំដោយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់ក្រសួង និងកិច្ចសហការការងារ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងសហការីដែលមានវត្តមាននៅពេលនេះ។  ឯកឧត្តមក៏បានជម្រាបជូនអំពីសាវតា រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ក៏ដូចជាគណៈកម្មការផងដែរ។ ជាមួយនេះ ឯកឧត្តមប្រធានបានរំលេចអំពីការងារស្នូលរបស់គណ:កម្មការ គឺការងារសិទ្ធិមនុស្ស និងការងារទទួលពាក្យបណ្តឹង ដែលជាកិច្ចការមួយពាក់ព័ន្ធនឹងការងាររបស់ក្រសួង ដែលត្រូវមានកិច្ចសហការគ្នា ដើម្បីដោះស្រាយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីអាទិភាពការងារចម្បងចំនួន២ របស់ព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជាឯកឧត្តមប្រធានគណ:កម្មការទី១ព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងកិត្តិយសដល់ថ្នាក់ដឹកនាំក្រសួងបានមកជួបពិភាក្សាការងារនិងបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអធិការកិច្ចក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆ្នាំ២០២៥ ព្រមទាំងទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ។ ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ, លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ, វឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ, បញ្ហាប្រឈម, និងទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារទោះបីមានបញ្ហាប្រឈមមួយចំនួន សម្រេចបានសមិទ្ធផលសំខាន់ៗ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលអាចធានាបាននូវប្រសិទ្ធភាពក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ