ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៥ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមមាន៖ ១-ថវិការដ្ឋ មានដូចជា អគាររដ្ឋបាល អគារសិក្សា អគារអន្តេវាសិកដ្ឋាន (៣៧បន្ទប់) សាលដំបូលទូក ទីលានបាល់បោះ ទីលានបាល់ទាត់ ទីលានបាល់ទះ របងខាងជើង ផ្លូវលោតចម្ងាយ ផ្លូវបេតុង របងថ្មីខាងជើង និងខាងលិច អាហារដ្ឋាន ឃ្លាំងដាក់សម្ភារៈ បន្ទប់អគ្គិសនី និងការដំឡើងត្រង់ស្វូ ប្រព័ន្ធបង្ហូរទឹក ការចាក់ដីបំពេញនីវ៉ូជាប់របងខាងត្បូង និងខាងកើត និងជុំវិញទីលានបាល់ទាត់ និងការរៀបចំសួនច្បារ ដាំស្មៅ ការតបណ្តាញអគ្គិសនីពីបន្ទប់អគ្គិសនីនៅតាមអគារទាំងប្រាំពីរ (A,B,C,D,E,F និងG) និងការសាងសង់ទីលានបាល់បោះ បាល់ទះ ២-ថវិកាសប្បុរជន (ជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី) ការកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងការជួសជុលកែលម្អទីលានស្មៅធម្មជាតិ ៣-ថវិកាដៃគូពីប្រទេសជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស ការសាងសង់ផ្លូវរត់អត្តពលកម្មប្រវែង១០០ម៉ែត្រ (មាន៨ខ្សែបន្ទាត់) ការសាងសង់អាងហែលទឹកស្តង់ដា (ខ្នាត ២៥ម៉ែត្រ គុណ១៥ម៉ែត្រ) និងអគារធ្វើលំហាត់ប្រាណដោយមានបំពាក់សម្ភារៈបរិក្ខារ ការជួសជុលអគារអន្តេវាសិកដ្ឋាន និងការសាងសង់អគារថ្មីមួយ (ទំហំ ៤៩ម៉ែត្រ គុណ១៧ម៉ែត្រ កម្ពស់បីជាន់)។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ