








នាព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី នៅវិមានសាមគ្គីភាព។
ជំនួបពិភាក្សានេះ បានផ្តោតសារៈសំខាន់លើការបន្តពង្រឹងទំនាក់ទំនង ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា- ជប៉ុន។ លោក NAGASE Kensuke បានជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានភាពនៅក្នុងតំបន់ និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបន្តថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសនានានៅក្នុងតំបន់ ជាពិសេស ប្រទេសកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានអរគុណចំពោះការលើកឡើងរបស់លោក NAGASE Kensuke និងបានបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការ, ការពង្រឹងទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជប៉ុន និងប្រទេសនានានៅក្នុងតំបន់ និងក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាព និងភាពរីកចម្រើនសម្រាប់តំបន់ទាំងមូល។ ក្រោយជំនួប ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានជូនលោក NAGASE Kensuke និងសហការីទស្សនាវិមានសាមគ្គីភាពផងដែរ។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន