





នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានចាត់តាំង ឯកឧត្តម គិន ណែត សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយ ឯកឧត្តមជាទីប្រឹក្សាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានចុះសួរសុខទុក្ខ និងនាំយកឱសថពីប្រទេសបារាំង ព្រមទាំងអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ២០គីឡូក្រាម ទឹកបរិសុទ្ធ១កេស មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូ១ដប សារុង២ ក្រមា១ ព្រមទាំងវិភាគទានថវិកា១០០ដុល្លារសហរដ្ឋអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ តាមរយៈ ឯកឧត្តម វ៉ាន់ សឿន ទីប្រឹក្សាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា សម្រាប់ទិញគ្រែពូក ប្រគល់ជូនកុមារីអភ័ព្វ ឈ្មោះ ម៉ាលី ដែលមានជំងឺសើស្បែកពីកំណើត ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភថវិកាពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចំនួន៥០ម៉ឺនរៀល លោក សេង ឆាយ និងភរិយា ជាសប្បុរសជនមកពីប្រទេសបារាំង ចំនួន៤០ម៉ឺនរៀលផងដែរ។
គ្រួសាររបស់កុមារី ដែលបានទទួលអំណោយនាពេលនោះ បានគោរពសម្ដែងនូវអំណរអរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ ដែលតែងតែនឹករលឹក និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក និងខ្សត់ខ្សោយ៕
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន