




ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សន ពៅ នាយកខុទ្ទកាល័យ និងសហការី អនុប្រធានទី២ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងប្រគល់លិខិតថ្លែងអំណរគុណរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនលោកស្រី វ៉ាង យូហ៊ួយ ប្រធានការិយាល័យមូលនិធិសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ប្រចាំកម្ពុជា និងជាតំណាងសមាគម CAFIU ក្រុងប៉េកាំង និង ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
ជំនួបនេះបានធ្វើឡើងដើម្បីអបអរសាទរជោគជ័យនៃដំណើរទស្សនកិច្ចនៅខេត្តកានស៊ូ ប្រទេសចិនកន្លងមក ដែលទទួលបាននូវបទពិសោធល្អៗ លើវិស័យកសិកម្ម-ឧស្សាហកម្ម បច្ចេកវិទ្យាផលិតអគ្គិសនីដោយចំណាំងផ្លាតពន្លឺព្រះអាទិត្យ និងយុទ្ធសាស្ត្រទាក់ទាញភ្លៀវទេសចរណ៍។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាលើទិសដៅអនាគត ដោយឯកឧត្តមបណ្ឌិត បានលើកនូវគំនិតផ្តួចផ្តើម ការចុះអនុស្សរណៈយោគយល់គ្នា ធ្វើជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម CAFIU ក្នុងការជំរុញការទូតបែបបញ្ញវន្ត និងការស្រាវជ្រាវគោលនយោបាយរួមគ្នារវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ បានស្នើកិច្ចសហប្រតិបត្តិការរៀបចំកន្លែងមួយក្នុងបណ្ណាល័យព្រឹទ្ធសភាសម្រាប់ដាក់ឯកសារចិន នៅថ្ងៃខាងមុខ ដើម្បីលើកកម្ពស់ការស្រាវជ្រាវជាភាសាចិន។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា