


នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ចំនួន ២៥រូប ដឹកនាំដោយ ឯកឧត្តម សុខ បញ្ញា នាយករងខុទ្ទកាល័យអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ សុខ លក្ខិណា នាយិការងខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «ការវិភាគគោលនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់ប្រទេសកម្ពុជា» នៅបណ្ឌិត្យសភាជាតិអភិបាលកិច្ចចិន រដ្ឋធានីប៉េកាំង។
វគ្គបណ្តុះបណ្តាលកម្រិតយុទ្ធសាស្ត្រនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង និងរឹតចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
ក្នុងសុន្ទរកថាបើក ឯកឧត្តម សុខ បញ្ញា បានថ្លែងអំណរគុណចំពោះការរៀបចំ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ភាគីចិន ព្រមទាំងបានគូសបញ្ជាក់ថា សិក្ខាសាលានេះជាឱកាសសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ស្វែងយល់ពីបទពិសោធន៍អភិបាលកិច្ចរបស់ចិន និងពង្រឹងមិត្តភាពដែកថែបកម្ពុជា-ចិន ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ បទពិសោធន៍របស់ចិន តាមរយៈផែនការ៥ឆ្នាំជាបន្តបន្ទាប់ គោលដៅសតវត្សរ៍ទី២ និងសមិទ្ធផលកាត់បន្ថយភាពក្រីក្រ ផ្តល់មេរៀនដ៏តម្លៃសម្រាប់កម្ពុជា ក្នុងការពង្រឹងអភិបាលកិច្ច ទំនើបកម្មរដ្ឋបាលសាធារណៈ និងជំរុញការអភិវឌ្ឍជាតិ។
លោក Sun Bo ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ ហុងកុង និងម៉ាកាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងប្ដេជ្ញាផ្តល់បទពិសោធន៍សិក្សាដ៏ល្អបំផុតជូនសិក្ខាកាមកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ដែលត្រូវបានជំរុញដោយថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងភាពជាដៃគូសហគមន៍ជោគវាសនារួម គុណភាពខ្ពស់ គ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី។
សិក្ខាសាលានេះ ជាកាលានុវត្តភាពដ៏មានតម្លៃមួយ សម្រាប់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗពីប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពលើការវិភាគគោលនយោបាយ និងការស្រាវជ្រាវ សំដៅរួមចំណែកបម្រើការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាព។
ប្រភព៖ ក្រុមការងារព័ត៌មាន និងទំនាក់ទំនងនៃសិក្ខាកាមចូលរួមសិក្ខាសាលានៅរដ្ឋធានីប៉េកាំង ប្រទេសចិន