









នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សន ពៅ នាយកខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា និងសហការី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងួន សុខវេង អគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅឆ្នាំ២០៥០» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងលម្អិតជាមួយសហការីពាក់ព័ន្ធ លើការរៀបចំកម្មវិធី និងការបែងចែកភារកិច្ចទទួលខុសត្រូវ ក្នុងគោលបំណងធានាឱ្យសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលផ្លែផ្កាខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តម ងួន សុខវេង បានជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ ឱ្យបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថាសិក្ខាសាលានេះសម្រេចបានជោគជ័យល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់ស្ថាប័នព្រឹទ្ធសភា ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត សន ពៅ បានគូសបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។ ទន្ទឹមនឹងនោះ ឯកឧត្តមនាយកខុទ្ទកាល័យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលការងារយ៉ាងសកម្មដោយអស់ពីចិត្តពីថ្លើម។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន