
















នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកម្មវិធីបទបង្ហាញចែករំលែកចំណេះដឹងស្តីពី «ការវិភាគគោលនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់កម្ពុជា» ជូនមន្ត្រីរាជការចំនួន ៨៣រូប នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា។
កម្មវិធីនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងពង្រឹងសមត្ថភាពវិភាគគោលនយោបាយ និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រ សម្រាប់គាំទ្របេសកកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ក្រោមគោលការណ៍ «ប្រព័ន្ធការងារសភា បម្រើប្រជាជន»។
ក្នុងឱកាសនោះ ឯកឧត្តម សុខ បញ្ញា នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងបើកកម្មវិធី ដោយគូសបញ្ជាក់ពីសារៈសំខាន់ នៃការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលគណៈប្រតិភូទទួលបានពីប្រទេសចិន។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា បទបង្ហាញរបស់សហការីនឹងផ្តល់ព័ត៌មាន ចំណេះដឹង និងទស្សនៈថ្មីៗ ដែលអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងរបស់ស្ថាប័ន។
កម្មវិធីរួមមានបទបង្ហាញសំខាន់ៗដូចខាងក្រោម៖
– ប្រធានបទ «ការអភិវឌ្ឍប្រទេស និងទំនើបកម្មចិន» បង្ហាញដោយ លោកជំទាវ សុខ លក្ខិណា នាយិការងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា។ បទបង្ហាញនេះបានសង្ខេបមេរៀនគន្លឹះចំនួន៨ ស្តីពីការអភិវឌ្ឍ និងទំនើបកម្មរបស់ចិន ដែលអាចប្រើជាធាតុចូលសម្រាប់ការសិក្សា ពិចារណា និងសម្រាប់ប្រើក្នុងការកែទម្រង់ស្ថាប័នសាធារណៈនៅកម្ពុជា។
– ប្រធានបទ «ទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ច និងមជ្ឈមណ្ឌលសេវាសាធារណៈនៅទីក្រុងប៉េកាំង និងគុនមីង» បង្ហាញដោយ លោកស្រី ជា សុធីតា អនុប្រធាននាយកដ្ឋាន និង លោកស្រី ជួន សុជាតា ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស។ បទបង្ហាញបានលើកឡើងពីបទពិសោធន៍ជាក់ស្តែង ពាក់ព័ន្ធនឹងសេវាសាធារណៈ ឌីជីថលូបនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច ការអភិរក្សបរិស្ថាន និងការអភិវឌ្ឍជនបទ។
– ប្រធានបទ «លទ្ធផលដែលទទួលបាន និងការចូលរួមពង្រឹងមិត្តភាពដែកថែបកម្ពុជា-ចិន» បង្ហាញដោយ លោកស្រី ដួង សុគន្ធា លេខាធិការខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា។ បទបង្ហាញបានផ្តល់ធាតុចូលពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការសម្របយកបទពិសោធន៍បរទេសឱ្យស្របតាមបរិបទជាតិ ដោយផ្អែកលើទស្សនវិជ្ជាដឹកនាំរបស់សម្តេចតេជោ «ធ្វើអាវឱ្យត្រូវសាច់ ធ្វើស្បែកជើងឱ្យត្រូវជើង»។
កម្មវិធីបានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងឆ្លើយតបសំណួរយ៉ាងសកម្មពីអ្នកចូលរួម។
ប្រភព៖ នាយកដ្ឋានព័ត៌មាន