














នារសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាងប្រធានក្រុម ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកអង្គស្នួលខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ៩៨នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានចូលរួមមតិសំណេះសំណាលដោយជំរុញឱ្យក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមានសមត្ថកិច្ច រួមគ្នាសហការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការទប់ស្កាត់បទល្មើស គ្រឿងញៀន អំពើហិង្សា និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។
ជាកិច្ចបន្ត លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។
បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមភូមិភាគទី៣ បានជម្រាបជូនអង្គពិធីអំពី អនុក្រឹត្យលេខ ៧៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព និង “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ” ដែលរាជរដ្ឋាភិបាលបានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្ត ដោយគ្រោងចំណាយថវិកាក្នុងរង្វង់ ១,២៤៤លានដុល្លារអាមេរិក ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ។
ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបចំនួន៦,៩០៨,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន