



















នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ ក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ១២៣នាក់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី “តួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន” ជូនក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដើម្បីពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋ។
ជាកិច្ចបន្ត ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមភូមិភាគទី៣ បានជម្រាបជូនអង្គពិធីអំពី អនុក្រឹត្យលេខ ៧៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព និង “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ” ដែលរាជរដ្ឋាភិបាលបានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្ត ដោយគ្រោងចំណាយថវិកាក្នុងរង្វង់ ១,២៤៤លានដុល្លារអាម៉េរិក ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ។
ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនអ្នកចូលរួមទាំងអស់ ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបចំនួន ៧,៧១៧,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន