











នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Min Byong Jangតំណាងមូលនិធិចែករំលែកសង្គ្រោះ ជិវិតសកលប្រចាំនៅកម្ពុជា និងគណៈប្រតិភូ។ ជំនួបពិភាក្សាការងារនាឱកាសនោះ ក៏ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមជាមួយតំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងវេជ្ជបណ្ឌិតជំនាញ ដែលបានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្តានុ-ពលនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យជីវវេជ្ជសាស្ត្រ និងវេជ្ជសាស្ត្រស្តារសមត្ថភាពឡើងវិញនៅកម្ពុជា។ នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម Min Byong Jangនិងគណៈប្រតិភូ ដែលកន្លងមកបានខិតខំសម្របសម្រួលរៀបចំជំនួយមនុស្សធម៌របស់ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល មកកាន់ព្រឹទ្ធសភាកម្ពុជា ចំនួន ២២លើក ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានគណៈកម្មការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះ ឯកឧត្តម Min Byong Jang និងគណៈប្រតិភូ ។
លោក CHOI JUN WAN នាយកប្រតិបត្តិក្រុមហ៊ុន MIRAE BIOMEDICINE នៃមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានធ្វើបទបង្ហាញលើផែនការនៃការពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ផ្នែកបច្ចេកវិទ្យាជីវសាស្ត្រនៅកម្ពជាថា ក្រុមហ៊ុន MIRAE BIOMEDICINE មានបំណងចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រ និងសុខាភិបាលឈានមុខមួយនៅអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជីវវេជ្ជសាស្ត្រ, ការស្រាវជ្រាវវេជ្ជសាស្ត្រស្តារសមត្ថភាពឡើងវិញ, បច្ចេកវិទ្យាកោសិកា និងហ្សែន, ការផ្គត់ផ្គង់ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ, កិច្ចសហប្រតិបត្តិការជា មួយ មន្ទីរពេទ្យ, សេវាវេជ្ជសាស្ត្រអន្តរជាតិ, ទេសចរណ៍វេជ្ជសាស្ត្រ, វេទិកា AI សម្រាប់វិស័យសុខាភិបាល,ការអប់រំផ្នែកវេជ្ជសាស្ត្រ និងការស្រាវជ្រាវរួម, ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍឧស្សាហកម្មជីវបច្ចេកវិទ្យា។ ប្រសិនបើគម្រោងនេះត្រូវបានអនុវត្តដោយជោគជ័យ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល រំពឹងថា នឹងរួមចំណែកមិនត្រឹមតែដល់ការលើកកម្ពស់សេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការពង្រីកសេវាវេជ្ជសាស្ត្រទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ ការអភិវឌ្ឍឧស្សាហកម្មជីវបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល, ការទាក់ទាញការវិនិយោគពីបរទេស, ការបង្កើតការងារ និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងកម្ពុជា។
លោក CHOI JUN WAN បានគូសបញ្ជាក់ថា គោលបំណងសំខាន់មួយនៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើតមូលដ្ឋានឱ្យកម្ពុជាអាចឈានទៅមុខលើសពី ប្រទេសដែលទទួលសេវាសុខាភិបាល និងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រមួយនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលការស្រាវជ្រាវជីវវេជ្ជ-សាស្ត្រ បច្ចេកវិទ្យាទំនើប ការផលិត និងសេវាវេជ្ជសាស្ត្រអន្តរជាតិ។
ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនៃការពង្រីកកិច្ចសហប្រតិបត្តិការថ្មីនេះ ថាគម្រោងនេះ មិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលដ៏ល្អប្រសើរនោះទេ ថែមទាំងផ្តល់នូវចំណេះជំនាញ ឧបករណ៍សម្ភារៈវេជ្ជសាស្ត្រទំនើបដល់ក្រុមគ្រូពេទ្យកម្ពុជា និងជួយលើកកម្ពស់កិត្តិនាមកម្ពុជាល្បីល្បាញលើឆាកអន្តរជាតិ ស្របនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ខ្លឹមសារ៖ គណៈកម្មការទី១០ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន