ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លារ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងឯកឧត្តម Min Byong Jang ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្របសម្រួលដោយ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌លើក​ទី ២៣ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា ជំនួយមនុស្សធម៌លើកទី២៣ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធា​រ-​ណរដ្ឋកូរ៉េ រួមមាន៖ ឱសថចំនួន ២៩មុខ និងថ្នាំបាញ់សម្លាប់មូស ក្នុងទំហំទឹកប្រាក់សរុបចំនួន ១,០៩០,៧១១.៦២ដុល្លារអាម៉េរិក។ ជំនួយនេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់ជនភៀសសឹក គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាម៉េរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ, ឯកឧត្តម ម៉ម ប៊ុននាង និងលោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកបន្ថែមទំហំជំនួយមនុស្សធម៌ ដល់ ៥០លានដុល្លារអាម៉េរិក។  នៅខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុស្សរណៈជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបកើនដល់ ៦៥លានដុល្លារអាម៉េរិក។
សូមគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព, មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ  បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២៣លើករួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៤,៤១៩,៥៥០.៨៥ដុល្លារអាម៉េរិក។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់​គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing)៕

ខ្លឹមសារ៖ គណៈកម្មការទី១០ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ