














នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិតឈីវ យីស៊ាង ប្រធានគណៈប្រតិភូ អមដំណើរដោយជំនួយការខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងលេខាធិការដ្ឋានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តមសួនសុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងសហការី នៅសាលាខេត្តព្រៃវែង។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាពទូទៅរបស់ខេត្តដោយ ឯកឧត្តម អភិបាលខេត្ត រួចមក ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃបេសកកម្មនេះ គឺដើម្បីតាមដាន និងស្វែងយល់អំពី៖
១-ការអនុវត្តច្បាប់និងលិខិតបទប្បញ្ញត្តិ៖ ពិនិត្យមើលការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងដែនសមត្ថកិច្ចខេត្ត។ ២-វឌ្ឍនភាពនិងបញ្ហាប្រឈម៖ សិក្សាពីសមិទ្ធផលការងារ សំណូមពរ វិធានការដោះស្រាយ និងចក្ខុវិស័យអភិវឌ្ឍន៍នាពេលអនាគតរបស់រដ្ឋបាលខេត្ត។
៣-កិច្ចការបរទេសនិងព្រំដែន៖ វាយតម្លៃលើការងារចងសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រៃវែង ជាមួយបណ្តាខេត្តនៃប្រទេសជិតខាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។
៤-ការពង្រឹងទំនាក់ទំនង៖ លើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
៥-ផ្សេងៗ
ក្នុងឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តមបណ្ឌិត ប្រធានគណៈប្រតិភូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម អនុប្រធានទី១ និង ឯកឧត្តមបណ្ឌិតអនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធររដ្ឋបាលខេត្តព្រៃវែងទាំងមូល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន