ឯកឧត្តម ឈិត សុខុន និងឯកឧត្តម អាយ ខន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកស្រែអំបិល ខេត្តកោះកុង
 
ចែករំលែក ៖

នាចន្លោះសម័យប្រជុំលើកទី៥របស់ព្រឹទ្ធសភា ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុម និងឯកឧត្តម អាយ ខន សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ) បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកស្រែអំបិល សរុបចំនួន ៨២នាក់ នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
‌‎ក្នុងឱកាសនោះ ឯកឧត្តម អាយ ខន សមាជិកក្រុម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល និងក្នុងខេត្តកោះកុង ប្រកបដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអង្គពិធីអំពីគោលបំណងនៃពិធីសំណេះសំណាលនាឱកាសនេះ គឺផ្តោតជាសំខាន់លើបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋានក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង។
‌‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុម បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកស្រែអំបិល សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការថែរក្សាការពារសន្តិភាពក្នុងមូលដ្ឋាន បន្តបម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។
ជាទីបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ម្នាក់ៗ ៥ម៉ឺនរៀល៕

‎ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ