ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តអាជ្ញាធរដែនដីប្រកួតគ្នាបម្រើប្រយោជន៍ពលរដ្ឋ និងរៀបចំសណ្តាប់ធ្នាប់ សោភណភាពតាមមូលដ្ឋាន
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ លើកទឹកចិត្តអាជ្ញាធរដែនដីប្រកួតគ្នាបម្រើប្រយោជន៍ពលរដ្ឋ និងរៀបចំសណ្តាប់ធ្នាប់ សោភណភាពតាមមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ពីទស្សនទានក្នុងការចូលរួមកសាងជាតិរយៈពេលវែង ដោយផ្អែកលើសុខភាពប្រជាពលរដ្ឋ និងសមត្ថភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលជាអនាគតរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានរំលេចពីសក្តានុពលសេដ្ឋកិច្ចដ៏លេចធ្លោរបស់ខណ្ឌកំបូល ដែលជាច្រករបៀងឧស្សាហកម្មយុទ្ធសាស្ត្រតភ្ជាប់រវាងផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ និងសម្បូរដោយតំបន់សេដ្ឋកិច្ចពិសេសស្រូបទាញការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។ ផ្អែកលើឧត្តមភាពភូមិសាស្ត្រនេះ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានប្រឡងប្រណាំងគ្នារៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ បញ្ចៀសការកកស្ទះចរាចរណ៍ លើកកម្ពស់អនាម័យ-សោភណភាព និងរួមគ្នាលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីមូលដ្ឋាន។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌកំបូលនាពេលកន្លងមក ព្រមទាំងបានអំពាវនាវឱ្យមន្ត្រីមូលដ្ឋានទាំងអស់បន្តពង្រឹងសាមគ្គីភាពជាតិដោយមិនប្រកាន់និន្នាការនយោបាយ ស្របពេលដែលវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់នាពេលថ្មីៗនេះ កំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងភាពជាតំណាងឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្ដាំផ្ញើឱ្យអាជ្ញាធរបន្តពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាតិធំៗតាមរយៈយន្តការការទូតពហុភាគី ការចរចាដោយសន្តិវិធី និងការឈរលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់។

ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ