គណៈកម្មការទី១០ ព្រឹទ្ធសភា ប្រគល់អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់ជាង ហាស៊ិបម៉ឺនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យកាល់ម៉ែត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញប្រគល់អំណោយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃ សាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលសុទ្ធសឹងជាឱសថចម្រុះ ចំនួន ២៩មុខ ក្នុងទំហំទឹកប្រាក់ជាង ហាស៊ុបម៉ឺនដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅវិមានព្រឹទ្ធសភា។

សូមរំលឹកថា គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌ ដែលរួមមាន ឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ៣លើក រួចមកហើយ ក្នុងទំហំទឹក ប្រាក់សរុបចំនួន ៦៥លានដុល្លារអាម៉េរិក។ នៅត្រឹមខែសីហា ឆ្នាំ២០២៦នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជំនួយមនុស្សធម៌មកព្រឹទ្ធសភាកម្ពុជា បានចំនួន ២៣លើក ក្នុងទំហំទឹកប្រាក់សរុប ចំនួន ៣៤,៤១៩,៥៥០.៨៥ដុល្លារអាម៉េរិក ។

ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់គ្រង និងបែងចែកទៅតាមបណ្តា រាជធានី ខេត្ត មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួម ចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យបានកាន់ប្រសើរឡើង ស្របតាមបំណងប្រាថ្នាដ៏ ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល។

ខ្លឹមសារ៖ គណៈកម្មការទី១០ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ