ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាជនពិការ និងនិវត្តជន នៅភូមិតេជោសន្តិភាព ឃុំបោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាជនពិការ និងនិវត្តជន សរុបប្រមាណជា៣៨៦នាក់ ស្ថិតនៅភូមិតេជោសន្តិភាព (ការ៉េ២) ឃុំបោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អាជ្ញាធរដែនដីស្រុកភ្នំស្រុករួចមក ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ វិស័យឯកជន វិស័យសាសនា ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ដែលបានខិតខំចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការរួមសាមគ្គីគ្នាប្រកបដោយស្មារតីជាតិនិយម ប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃ និងបានរួមគ្នាគិតដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងពេលកន្លងមក។ នាឱកាសនោះ ឯកឧត្តម ឈើយ ចាន់ណា បានឧបត្ថម្ភថវិកាសម្រាប់កម្មវិធីនេះ ចំនួន ១.០០០.០០០រៀលផងដែរ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ