សិក្ខាកាមវគ្គបណ្តុះបណ្តាល ITP អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ សិក្ខាកាមចំនួន ០៦នាក់ រៀនវគ្គបណ្តុះបណ្តាលអន្តរជាតិ ITP (International Training Program) ស្តីពីបទប្បញ្ញត្តិគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ ក្រោមជំនួយឧបត្ថម្ភដោយស៊ីដា (SIDA) បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ សិក្ខាកាមបានអញ្ជើញស្តាប់បទបង្ហាញស្តីពី ការរៀបចំនិងដំណើរការប្រព្រឹត្តទៅព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា។
បន្ទាប់ពីស្តាប់បទបង្ហាញរួច សិក្ខាកាមរៀនវគ្គបណ្តុះបណ្តាលអន្តរជាតិ បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
សូមជម្រាបថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន ០៣ គឺមុខងារនីតិកម្ម មុខារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីនេះ ព្រឹទ្ធសភាមានមុខងារគាំទ្រចំនួន ០២ទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារការអភិវឌ្ឍស្ថាប័ន។
គួររំលឹកផងដែរថា វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមនដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។
បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន ៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអាសយដ្ឋាននៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់វិមាន៧មករា (គណបក្សប្រជាជនកម្ពុជា)៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ