ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកខ្សាច់កណ្តាល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន១៤៥នាក់។
តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ជាទីបំផុត។
ឯកឧត្តមប្រធានក្រុមបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីការងាររបស់ព្រឹទ្ធសភា និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះមកជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ និងអាជ្ញាធរស្រុកនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ វិធីសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ការពង្រឹងបន្ថែមទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបញ្ហាប្រឈម សំណូមពរនានារបស់មូលដ្ឋាន ដើម្បីនាំយកបញ្ហាទាំងនេះជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធចាត់វិធានកាចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសរៀបចំពិធីសំណេះសំណាលនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋឃុំ និងប្រធានមណ្ឌលសុខភាពឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដោយសរុបការចំណាយទាំងអស់ជាង១៣លានរៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ