









នារសៀលថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន៩៧នាក់ នៅសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ ឈ្វេងយល់ និងផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត នាង ផាត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងពីរស្រុក ក្នុងខេត្តព្រះវិហារ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បាននិងកំពុងជំរុញទិសដៅអាទិភាពស្នូលពីរ ទី១-គឺការលើកកម្ពស់ការទូតសភា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរជាតិ ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក បំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសំដៅថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ។ ទី២-ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ សំដៅជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ដើម្បីពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំឱ្យកាន់តែសកម្ម សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ខិតខំផ្តល់សេវារដ្ឋបាលឱ្យបានឆាប់រហ័ស តម្លាភាព និងគ្មានការរើសអើង ព្រមទាំងយកចិត្តទុកដាក់ក្តាប់ឱ្យជាប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមស្មារតីនៃទិសដៅយុទ្ធសាស្រ្តទាំង១២ចំណុច ដែលសម្តេចតេជោប្រធានព្រឹទ្ធសភា បានដាក់ចេញ។
ទទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាច្រើន ដែលរដ្ឋបាលស្រុកទាំងពីរ ក៏ដូចជារដ្ឋបាលឃុំនីមួយៗសម្រេចបានកន្លងមក ក្នុងការរក្សាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានបន្តមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយបន្តជូនមូលដ្ឋាន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន