ឯកឧត្តម អ៊ុ សារឹទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង
 
ចែករំលែក ៖

នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលនៃសាធារណរដ្ឋម៉ូរីស (Maurice) ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិនៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាព លោក Joël GODIN តំណាងរាស្រ្តសហព័ន្ធកាណាដា និងជាប្រធានគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ដោយមានសមាសភាព ចូលរួមពីក្រុមសភាជាតិនីមួយៗនៅក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង៖ កម្ពុជា,កាណាដា, កូតឌីវ័រ, កេបិច, បារាំង,ម៉ារ៉ុក, ម៉ូរីស, សេណេហ្គាល់, លុចសំបួ, ស្វ៊ីស និងអង្គភាពអភិបាល-    គណៈកម្មការមហាសមុទ្រឥណ្ឌា។

ពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ Shirin Auneeruddy-CZIFFRA ប្រធានរដ្ឋសភាម៉ូរីស និងលោក Joël GODIN ។ នៅក្នុងខ្លឹមសារនៃ សុន្ទរកថាបើក ឥស្សរជនទាំងពីរបានសង្កត់លើខ្លឹមសារដូចតទៅ៖
ពីមុន ទោះបីយើងរស់នៅក្នុងពិភពខុសៗគ្នាក៏ដោយ តែជាភពមួយ ដែលសន្តិភាពមានវិសាលភាពធំធេង និងជាកន្លែងមានពហុភាគីនិយម សិទ្ធិបុគ្គល និងសមភាពរវាងស្រ្តី និងបុរស មានការរីកចម្រើន និងជាភពមួយ ដែលលទ្ធិប្រជាធិបតេយ្យបានប្រព្រឹត្តដោយត្រឹមត្រូវ ហើយសមាជិកសភាមិនត្រូវបានចោទប្រកាន់នៅក្នុងមុខងាររបស់ខ្លួន ហើយមិនត្រូវបានគេមើលស្រាលនៅលើបណ្តាញសង្គមផងដែរ។
បច្ចុប្បន្ននេះ ស្ថានភាពភូមិសាស្រ្តនយោបាយបានផ្លាស់ប្តូរ។ ភេវរកម្មកើតឡើងសារជាថ្មី។ សង្រ្គាម និងជម្លោះ បង្កើតផលវិបាកជាសកល ហើយបានបង្កើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យស្ថានភាពអន្តរជាតិនៃបេសកកម្មសមាជិកសភាមានការលំបាកយ៉ាងក្រៃលែង។
បន្ទាប់ពីពិធីបើក លោក Joël GODIN បានដឹកនាំកិច្ចប្រជុំ។ នៅក្នុងរបៀបវារៈស្តីពី បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ ឯកឧត្តម អ៊ុ សារឹទ្ធ បានមានប្រសាសន៍ដូចតទៅ៖
១-នៅឆ្នាំ២០២៥ ក្រុមសភាជាតិកម្ពុជានៃAPF បានវិវត្តនៅក្នុងបរិបទដ៏លំបាកតាមរយៈភាព តានតឹងភូមិសាស្រ្តនយោបាយ និងការឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាព
កម្ពុជា។ ទោះបីស្ថានភាពដ៏លំបាកនេះ ក្រុមសភាជាតិកម្ពុជានៃAPF បានរក្សាប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអធិបតេយ្យជាតិ ដោយពង្រឹងការទូតសភា និងពង្រឹងចំណងជាមួយប្រជាពលរដ្ឋ ជាអាទិ៍បេសកកម្មចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយអំពើឈ្លានពាន។ ស្របពេលនេះដែរ ក្រុមសភាជាតិកម្ពុជានៃAPF បានគាំទ្រទំនើបកម្មស្ថាប័ន និងតួនាទីសភានៅក្នុងអភិបាលកិច្ច ព្រមទាំងការត្រៀមរៀបចំយ៉ាងសកម្មនូវជំនួបហ្រ្វង់កូហ្វូនដ៏ធំនៅឆ្នាំ២០២៦។
២-នៅក្នុងកម្រិតនយោបាយ និងស្ថាប័ន សភាកម្ពុជាបានតាមដានសកម្មភាពគាំទ្រយ៉ាងសកម្ម សំដៅធានាសេ្ថរភាពនយោបាយ និងទំនើបកម្មនៅក្នុងក្របខ័ណ្ឌគតិយុត្តតាមរយៈការកែទម្រង់ និងការអនុម័តច្បាប់ជាយុទ្ធសាស្រ្ត។ ម្យ៉ាងវិញទៀត ការពង្រឹងមុខងារតំណាង និងការបង្កើនជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដែលបានរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ និងតម្លាភាពនៃសកម្មភាពសាធារណៈ។ 
៣-ក្រុមសភាជាតិកម្ពុជានៃAPF បានពង្រឹងសមត្ថភាពសមាជិកសភាតាមរយៈការរៀបចំសិក្ខាសាលាដោយលើកកម្ពស់នីតិរដ្ឋ និងអភិបាលកិច្ចប្រកបដោយតម្លាភាព។ ក្រុមសភាជាតិកម្ពុជានៃAPF បានតាមដានកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ភាសាបារាំង។
៤-នៅឆ្នាំ២០២៦ មានជំនួបហ្រ្វង់កូហ្វូនចំនួន០២ ៖ ការទទួលរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ថ្ងៃទី៣ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែលបង្កើតយុទ្ធសាស្រ្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាហ្រ្វង់កូហ្វូន និងលើកកម្ពស់តម្លៃសន្តិភាព ប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
៥-មួយផ្នែកទៀត ការទទួលរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦បង្ហាញឱកាសយ៉ាងធំធេងសម្រាប់ពង្រីកវិសាលភាពនៃហ្រ្វង់កូហ្វូនីនៅអាស៊ី។ ការត្រៀមរៀបចំនេះ ផ្តោតលើការច្នៃប្រឌិត ការអភិវឌ្ឍយូរអង្វែង និងតម្លៃបេតិកភ័ណ្ឌវប្បធម៌របស់ជាតិ។ 

ជារួម នៅឆ្នាំ២០២៥ បានបង្ហាញភាពធន់ និងសមត្ថភាពបត់បែនរបស់ក្រុមសភាជាតិ កម្ពុជានៃAPF ចំពោះបញ្ហាប្រឈមមុខទៅនឹងវិស័យសន្តិសុខ និងការទូតដ៏ចម្បង។ ការប្តេជ្ញាចិត្តដ៏សកម្មរបស់ក្រុមសភាជាតិកម្ពុជានៃAPFស្របទៅនឹងតួនាទីនៅក្នុងការលើកកម្ពស់នៃ  ការទូតសភា។ សម្រាប់ឆ្នាំ២០២៦ អាទិភាពនឹងលើកអំពីភាពជោគជ័យនៃព្រឹត្តិការណ៍ចម្បងហ្រ្វង់កូហ្វូន ការគោរពនីតិអន្តរជាតិ ការពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ សភាកម្ពុជានៅតែជាតួអង្គប្តេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្វ្រង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ