ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា សៀក ផល ម្តាយបង្កើតរបស់ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ជួសមុខឱ្យសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ  បានសម្តែងនូវសេចក្ដីក្រៀមក្រំជាទីបំផុត បន្ទាប់ពីបានទទួលដំណឹង អំពីមរណភាពរបស់ មហាឧបាសិកា សៀក ផល គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ដែលជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏ល្អប្រពៃ និងទឹកចិត្តសន្តោសប្រណីប្រពៃថ្លៃថ្លាបំផុតសម្រាប់ក្រុមគ្រួសាររបស់ឯកឧត្តម។ ទោះបីរូបកាយ មហាឧបាសិកា បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើដែលជាកុសល កិត្តិយសសេចក្តីថ្លៃថ្នូរ ពិតនឹងស្ថិតស្ថេរជានិច្ចក្នុងសន្តានចិត្តបុត្រា បុត្រី ចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ដែលជាទីស្រលាញ់បំផុត។

ឯកឧត្តម បានបួងសួងដល់តេជះទសបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា សៀក ផល នឹងទៅសោយសុខក្នុងសុគតិភពដែល ជាទីស្ងប់ជានិច្ចនិរន្តរ៍។

សពមហាឧបាសិកា សៀក ផល ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ