ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន និងលោកជំទាវ ម៉ាន ណាវី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងអ៉ិស្លាម
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ម៉ាន ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចលនាមូលនិធិរៃអង្គាសថវិកាដើម្បីទ្រទ្រង់មណ្ឌលអប់រំចំណេះដឹងអ៉ិស្លាម ស្ថិតនៅក្នុងភូមិសំបួរមាស ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងក្រុង/ស្រុក អនុគណៈអ៊ីមាំខេត្ត/ស្រុក ប្រធានសមាគម មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ស្ថិតនៅក្នុងឱកាសចាប់ផ្តើម ឯកឧត្តមសមាជិកព្រឹទ្ធសភាបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីទាំងមូល។ ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះត្រង់អស់ពីដួងចិត្តចំពោះគណៈកម្មការរៀបចំដែលបានខិតខំសម្របសម្រួលបង្កើតឱ្យមានកម្មវិធីដ៏សំខាន់នេះ។ ក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តមសមាជិកព្រឹទ្ធសភា បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណដល់លោក ហ្សះរី ប្រធានអង្គការសប្បុរសធម៌ GLOBLE EHSAN RELIEF ដែលខិតខំប្រឹងប្រែងក្នុងការធ្វើសកម្មភាពមនុស្សធម៌ដើម្បីជួយមកដល់មណ្ឌលអប់រំចំណេះដឹងអ៉ិស្លាមនេះ។ ទន្ទឹមជាមួយនេះផងដែរ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យជួយចូលរួមផ្តល់ថវិកាតាមរយៈមូលនិធិដើម្បីជួយទ្រទ្រង់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពេញកង្វះខាតរបស់មណ្ឌលនេះផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ផ្តាំបន្ថែមថាសូមកុំភ្លេចថាយើងបានជួបជុំគ្នា និងធ្វើកម្មវិធីថ្ងៃនេះបានដោយសប្បាយរីករាយក៏ដោយសារប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានរំលឹកផងដែរថាប្រទេសនានាតែងតែកោតសរសើរប្រទេសកម្ពុជារបស់យើង ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីភាពជោគជ័យ នៃគោលនយោបាយសុខដមនីយកម្មជាតិសាស និងសាសនា ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនខ្មែរអ៉ិស្លាមព្រមទាំងមិនធ្លាប់មានអំពើហិង្សា និងជម្លោះសាសនានោះទេ។
ក្រោយបញ្ចប់កម្មវិធីក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បាននាំយកថវិកាឧបត្ថម្ភចំនួន១.០០០.០០០រៀល និងមានការចូលរួមឧបត្ថមពីលោកជំទាវ ម៉ាណ ណាវី ចំនួន៥០០.០០០រៀល លោក ហ្សាការីយ៉ា តំណាងសប្បុរសជនសហរដ្ឋអាមេរិក ចំនួន៥០០ដុល្លារ លោក លីអះស្កុល្លានី ចំនួន៤០០.០០០រៀល លោក សៀត សូត ចំនួន៤០០.០០០រៀល លោក អ៊ីសា មូខតើត ចំនួន៤០០.០០០រៀល លោក ទត ហូរី ចំនួន៤០០.០០០រៀល លោក ម៉ាណ សាប់រី ចំនួន៤០០.០០០រៀល។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ