ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីចូលរូមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន រួមដំណើរដោយឯកឧត្ដមអនុប្រធាន និងឯកឧត្តមលោកជំទាវជាលេខាធិការ និងសមាជិកក្រុមបានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តត្បូងឃ្មុំ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបំពេញការងារនៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។ ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តដែលបានខិតខំបំពេញការងារយ៉ាង សកម្មនាពេលកន្លងមក ពិសេសបានអនុវត្តន៏ការណែនាំនូវវិធានការនានាជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំត្រូវបន្តការអនុវត្តន៏គ្រប់វិធានការប្រុងប្រយ៏ត្នខ្ពស់ថែមទៀតនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជានៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
អំណោយដែលក្រុមសមាជិកព្រឹទ្ធសភាយកទៅប្រគល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំនាពេលនេះ រួមមាន៖ មី ១០០កេស ទឹកសុទ្ធ១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកត្រី១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ។