






នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញដឹកនាំក្រុមការងារបច្ចេកទេសមកពិនិត្យមេីលសកម្មភាពក្រុមការងារគ្រឿងចក្រ ដែលបាននិងកំពុងតែនាំគ្នាសម្រុកជីកស្រះទឹកមួយកន្លែង ដែលមានទំហំបណ្ដោយ៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៦ម៉ែត្រដែលអាចស្តុកទឹកបានប្រមាណជា ២៤,០០០ម៉ែត្រគូប ដោយសារតែតំបន់នេះមានថ្មច្រេីនរឹងពិបាកបំបែក ដូច្នេះមិនអាចជីកឱ្យបានជ្រៅជាងនេះបានទេ។ ស្រះទឹកនេះមានទីតាំងស្ថិតនៅក្នុងភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិតបានសង្ឃឹមយ៉ាងមុតមាំថា ២សប្ដាហ៍ក្រោយស្រះទឹកនឹងបានជីករួចរាល់ បេីទោះបីជាឆ្នាំក្រោយៗមានកូនរដូវប្រាំងអូសបន្លាយយ៉ាងណា ក៏មិនមានការព្រួយបារម្ភអំពីការខ្វះខាតទឹកស្រោចស្រពទៀតដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា