គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា និងជាតំណាងមូលនិធិចែករំលែលសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្នុងទំហំទឹកប្រាក់ជាង ៦០០ ០០០(ហុកសិបម៉ឺន)ដុល្លារអាមេរិក ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងបានធ្វើរបាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ បញ្ហាប្រឈម និងការចូលរួមដោះស្រាយបញ្ហានានានៅមូលដ្ឋាន។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

អំណោយនាំយកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ នាឱកាសនោះ រួមមានឱសថ សម្រាប់ព្យាបាលជំងឺទូទៅ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាពប្រជាជនខ្សត់ខ្សោយ ជនងាយរងគ្រោះគ្រប់រូប និងជនភៀសសឹកនៅខេត្តកំពង់ស្ពឺ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ