













នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកលើកដែក ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន ៨០នាក់។
ក្នុងចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះទៅបំពេញមុខងារតំណាងរបស់ខ្លួន ការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ និងជួយការងារសង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋានដែលភូមិភាគរបស់ខ្លួន ដោយបានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត និងបានធ្វើបទបង្ហាញអំពីតួនាទីរបស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ ព្រមទាំងផ្សព្វផ្សាយអំពីអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ចឱ្យមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋាន។
ឆ្លៀសក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ៧,៣៣៨,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន