ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម ខេត្តកណ្តាល
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានដឹកនាំក្រុមភូមិភាគទី៣ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន ១៨៤នាក់។
ក្នុងចន្លោះសម័យនប្រជុំលើកទី៥ និងលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះទៅបំពេញមុខងារតំណាងរបស់ខ្លួន ការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងជួយការងារសង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។ ពិធីសំណេះសំណាលនេះប្រព្រឹត្តឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកទឹកចិត្តឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ សង្កាត់ ពង្រឹងសមត្ថភាពបន្ថែមក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការផ្សាព្វផ្សាយអំពីអនុក្រឹត្យលេខ ៩៦ អនក្រ.បក ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល។

ក្នុងឱ្យនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៣,០៤២,០០០រៀល

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ