














នារសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានដឹកនាំក្រុមភូមិភាគទី៣ អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានសមាសភាពចូលរួមសរុបចំនួន ១២២នាក់។
កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៩៦ អនក្រ.បក ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាពរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច សំដៅបម្រើផលប្រយោជន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ៧,៧៥៧,០០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន